Wednesday, August 26, 2020
ឈប់ទទួលយកការលើកទឹកចិត្ត
Sunday, August 23, 2020
បើកចិត្ត Open mind
បើកចិត្តឱ្យទូលាយ
ទម្លាក់ចោលនូវសេចក្ដីប្រកាន់ ចំពោះមនុស្សម្នាក់ៗ នូវអ្វីដែលជាចំណុចដែលយើងមិនចូលចិត្ត តែត្រូវដឹងថា អ្វីគ្រប់យ៉ាងគឺមានផ្នែកខាងល្អ និងផ្នែកខាងមិនល្អនៅជាមួយគ្នា ។ មនុស្សម្នាក់ៗសុទ្ធតែមានគុណសម្បត្តិដោយឡែកៗ ក៏មានចំណុចអាក្រក់ដោយឡែកៗពីគ្នា ។ អ្នកគួរតែលះបង់នូវការប្រកាន់ខ្លះ បើកចិត្តឱ្យធំទូលាយ ដើម្បីទទួលយកនូវចំណុចល្អណាមួយ មកប្រើឱ្យបានជាប្រយោជន៍ ។ ចិត្តដ៏ធំទូលាយ អាចប្រមូលយកនូវចំណេះដឹង បទពិសោធន៍ និងអ្វីដែលល្អៗ សម្រាប់កសាងជីវិតផ្ទាល់ខ្លួនបានយ៉ាងល្អប្រសើរ ។ សមុទ្រធំទូលាយ ទទួលយកនូវទឹកពីគ្រប់ទិសទី តែសមុទ្រនៅតែស្រស់ស្អាត សមុទ្រទទួលយកគ្រប់អ្វីៗដែលហូរមកតាមទឹក តែសមុទ្របានបក់បោកនូវអ្វីដែលមិនល្អចេញ ។ ការបើកចិត្តឱ្យធំទូលាយក៏ដូចគ្នា អ្នកត្រូវចេះទទួលយកនូវអ្វីដែលល្អ ហើយបោះបង់អ្វីដែលមិនល្អចោល តែបើគិតពីការប្រើប្រាស់ លើលោកនេះដូចជាគ្មានអ្វីដែលគ្មានប្រយោជន៍ឡើយ សំខាន់ឱ្យតែយើងចេះប្រើវា សូម្បីតែលាមកជាអ្វីដែលអ្នកខ្ពើមជាងគេ ក៏ជាជីដ៏ល្អ អាចយកទៅដាំដុះដំណាំ បានផ្លែផ្កាល្អយកទៅឱ្យអ្នកហូបវិញបាន។ ខ្ញុំតែងតែព្យាយាមសិក្សារៀនសូត្រពីមនុស្សជុំវិញ ទាំងអ្នកដែលខ្ញុំចូលចិត្ត និងមិនចូលចិត្ត តែបើនិយាយថាបើកចិត្តឱ្យទូលាយ គួរតែពុំសូវមានអ្នកដែលត្រូវកាន់ ឬស្អប់ដែរ វាជាការអធ្យាស្រ័យ និងការអភ័យ ។ អភ័យក៏ជាផ្នែកមួយនៃទាន គឺអភ័យទាន ការឱ្យទាននូវសេចក្ដីអភ័យដល់មនុស្សជុំវិញ ក៏ទទួលបានមកវិញនូវអភ័យ សម្រាប់ជីវិត ។ បើកចិត្តឱ្យទូលាយ មិនមែនឆាប់ជឿ ក៏មិនមែនឆាប់ទទួលយក គឺត្រូវទទួលដោយការពិចារណា ។ បើកចិត្តឱ្យទូលាយ ក៏ប្រៀបដូចជាបើក ទ្វាទទួលយកនូវរបស់មានតម្លៃជាច្រើនមកដែរ ។
និយាយងាយ សរសេរក៏ងាយ តែធ្វើពិបាកមែនទេ? មិនមែនទេ បើអ្នកនិយាយថា ចិត្តរបស់អ្នក នោះអ្នកគួរតែអាចគ្រប់គ្រង់វាបានដែរ ព្រោះវាជារបស់អ្នក!
ព្រះអាទិត្យរះនៅពេលដែលផែនដីងងឹត
ព្រះអាទិត្យរះនៅពេលងងឹត
អ្នកខ្លះយល់ថា ព្រះអាទិត្យរះនៅពេលព្រឹក តែការពិតទៅ ភពផែនដីបើគ្មានព្រះអាទិត្យ គឺងងឹតសូន្យ តែពេលដែលផែនដីវិលដល់ចំណុចដែលយើងរស់នៅ ក៏យើងឃើញថា ព្រះអាទិត្យរះមក ។ សន្មត់ថាព្រះអាទិត្យពិតជារះមក គឺរះមកនៅក្នុងពេលងងឹត ហើយព្រះអាទិត្យជាអ្នករះមកផ្ដល់ពន្លឺដល់ផែនដី។ ប្រសិនបើផែនដីមានពន្លឺស្រាប់ហើយ នោះព្រះអាទិត្យក៏មិនមានតម្លៃដែរ ។ ប្រៀបដូចទៅនឹងជម្ងឺកូវីដ១៩ ដែលកំពុងតែកើតមាននៅជុំវិញពិភពលោកនេះ បើសិនបើគ្មានកូវីដ មនុស្សក៏មិនត្រូវការវ៉ាក់សាំង និងថ្នាំព្យាបាលដែរ តែនៅពេលមានកូវីដ១៩ វ៉ាក់សាំងគឺជាវត្ថុមានតម្លៃ ។ នៅក្នុងន័យប្រៀបធៀប នៅក្នុងភាពវឹកវរ គឺមានឱកាស នៅកន្លែងដែលមិនល្អ អាចជាឱកាស សម្រាប់អ្នកមានសមត្ថភាពនៅក្នុងចំណោមមនុស្សល្ងង់ គឺជាឱកាសដ៏ល្អសម្រាប់អ្នកចេះដឹង ។ មិនថាអ្នកស្ថិតក្នុងស្ថានភាពបែបណាទេ បើអ្នកមិនបណ្ដោយទៅតាមស្ថានភាពនោះ គឺអ្នកអាចប្រើប្រាស់ស្ថានភាពមិនល្អ ដែលនៅជុំវិញខ្លួន ទៅជាឱកាសសម្រាប់ខ្លួនឯងបាន ។ សម្រាប់ព្រះធម៌វិញ នៅពេលដែលមនុស្សកំពុងតែមានភាពងងឹត វង្វេង គឺជាពេលដែលព្រះធម៌ មានតម្លៃមកបំភ្លឺជីវិត ប្រហែលមានតែមនុស្សដែលស្ថិតនៅក្នុងភាពងងឹតប៉ុណ្ណោះ ដែលនឹងរកឃើញពន្លឺ មានតែអ្នកដែលកំពុងរតែរងទុក្ខ ទើបស្វែងរកពន្លឺគឺផ្លូវរំលត់ទុក្ខតាមរយៈមាគ៌ានៃព្រះធម៌ ។
អត្ថបទនេះគ្រាន់តែចង់លើកទឹកចិត្ត ដល់អ្នកដែលស្ថិតនៅក្នុងស្ថានភាពលំបាក ដើម្បីកែប្រែជីវិត ឱ្យល្អ។
Friday, August 21, 2020
ជីវិតបែបសកម្ម និងបែបអសកម្ម
១/ ជីវិតបែបសកម្ម (active) ជីវិតដែលសកម្មគឺជាជីវិតដែលខិតខំប្រឹងប្រែងជំនះនៅមជ្ឈដ្ឋានខាងក្រៅ មិនបណ្ដែតបណ្ដោយខ្លួនតាមកម្លាំងខ្យល់ ។ ខ្យល់នោះសំដៅលើរាល់អ្វីដែលមានឥទ្ធិពលមកលើចិត្តគំនិតនិងសកម្មភាពរបស់អ្នក ដូចជាកត្តាសង្គម វប្បធម៌ ការជួបប្រទះក្នុងជីវិតប្រចាំថ្ងៃ មនុស្សដែលអ្នកទាក់ទង សម្ដីដែលអ្នកស្ដាប់ សំឡេងដែលអ្នកលឺ រូបភាពដែលអ្នកឃើញ រស់ជាតិដែលអ្នកភ្លក់ ... ទាំងអស់នេះមានឥទ្ធិពលមកលើជីវិតជាពន់ពេក ។ ហេតុអ្វី ? ឧទាហរណ៍ថា នៅពេលអ្នកនៅសុខៗស្រាប់តែអ្នកលឺចម្រៀងដ៏កំសត់មួយបទ ភ្លាមៗនោះចិត្តរបស់អ្នកក៏ប្រែជាអន្លង់អន្លោចកំសត់នឹកឃើញរឿងកំសត់ ហើយអ្វីៗក៏ចាប់ផ្តើមប្រែប្រួលពីភាពស្រស់បំព្រងទៅជា ពណ៌សខ្មៅ។ មនុស្សខ្លះដូចជាខ្យល់ព្យុះ គ្រាន់តែគេបង្ហាញខ្លួនភ្លាមអ្វីៗក៏ប្រែជាគ្រោះមហន្តរាយ ស្ទឹងបឹងទន្លេប្រែជារីងហួតអស់ ។ មនុស្សខ្លះក្នុងមាត់សុទ្ធតែលាមក និយាយចេញមកធ្វើឱ្យពិភពលោកប្រែជាស្អុយរលួយ ។ មនុស្សខ្លះដូចជាសូរ្យគ្រាស ពេលគេមកដល់ពិភពលោកប្រែជាងងឹតឆឹង។ រឿងភាគជាច្រើនដែលផ្វព្វផ្សាយពិសេសដូចជារឿងថៃ រឿងខ្មែរ... ច្រើនតែបង្កប់ទៅដោយរូមភាព ពាក្យសម្ដី និងទង្វើមិនល្អ ដែលអាចប៉ះពាក់ដល់សតិអារម្មណ៍របស់អ្នក ពិសេសគឺក្មេងតូចៗរបស់អ្នក! ... នៅពេលដែលអ្នកបរិភោគអាហារមានម្ទេសច្រើន បបូមាត់របស់អ្នកក៏ចាប់ផ្តើមក្ដៅ រាងកាយរបស់អ្នកក៏អន្ទះអន្ទែងឡើង សម្ដីសំដៅរបស់អ្នកក៏ខុសធម្មតា ។ នៅពេលព្រឹកអារម្មណ៍របស់អ្នកស្រស់ថ្លា ពេលថ្ងៃបន្តិច រាងកាយរបស់អ្នកក៏ចុះខ្សោយចិត្តរបស់អ្នកក៏ចុះខ្សោយទៅតាមរាងកាយ ឥទ្ធិពលខាងក្រៅនឹងឆាប់ជ្រាបចូលទៅក្នុងចិត្តរបស់អ្នក ។ នៅពេលយប់អារម្មណ៍របស់អ្នកជាអារម្មណ៍បែបស្រទន់ មានមនោសញ្ចេតនាខ្ពស់ ពេលនោះអ្នកក៏តែងតែទទួលយកនូវកត្តាសញ្ចេតនាខ្ពស់ពីប្រភពខាងក្រៅ ។ និយាយរួមគ្រប់យ៉ាងនៅជុំវិញខ្លួនគឺជាអ្នកដឹកនាំជីវិតអ្នក នោះបើអ្នកមិនបានចាប់អារម្មណ៍ មិនបានដឹង ហើយមិនចេះវិធីក្នុងការតបតទៅនឹងពិភពខាងក្រៅវិញទេ ។ ចំណុចនេះវាពិបាក ព្រោះសតិរបស់អ្នកបើមិនខ្លាំងទេ វាក៏តែងតែទោទន់ទៅតាមខ្យល់ហ្នឹងហើយ ដូច្នេះទើបទាមទារឱ្យមានការហ្វឹកហាត់សមាធិ វិបស្សនា ។ សតិ គឺប្រៀបដូចជាប្រសិនបើអ្នកមានមនុស្សម្នាក់នៅតាមចាំប្រាប់អ្នកថា អ!ពេលនេះអូនកំពុងតែមើលរឿងមិនល្អហើយ ដូច្នេះអ្នកក៏នឹងទៅបិទរឿងនោះចោល ចុះតើទៅរកមនុស្សដែលចាំតែប្រាប់អ្នកនោះបានមកណា? វាស្ថិតនៅលើអ្នកផ្ទាល់! ប្រសិនបើអ្នកអាចគ្រប់គ្រងអ្វីៗដែលនៅជុំវិញខ្លួនឯងបាន ហើយនោះក៏ជាការគ្រប់គ្រង់ជីវិតពិតដែរ ជាជីវិតបែបសកម្ម គឺធ្វើអ្វីៗដើម្បីបានផល មិនមែនរង់ចាំទទួលរងអំពើពីគេគ្រប់បែបយ៉ាងនោះទេ ។ ក្នុងទ្រឹស្ដីព្រះពុទ្ធសាសនា មួយបង្ហាញថា គ្មានកម្លាំងអ្វីឱ្យខ្លាំងជាងកម្លាំងនៃកម្មនោះទេ បានន័យថាអ្វីដែលអ្នកធ្វើទៅវាប្រាកដជាមានផល ហើយកុំច្រឡំថាទាល់តែមានសកម្មភាពទើបថាជាកម្មឬអំពើនោះ គ្រាន់តែចិត្តអ្នកគិតបែបណា ផលក៏នឹងមានហើយ ពីព្រោះចិត្តគឺមានអំណាចណាស់ វិទ្យាសាស្ត្របកស្រាយថា វាមានរលកហ្វ្រេកង់ផ្សាយចេញទៅ ដូចជាវិទ្យុ... ។
២/ ជីវិតបែបអសកម្ម (passive) ដរាបណាអ្នកនៅតែទទួលយករាល់អ្វីៗដែលនៅជុំវិញខ្លួនអ្នក ដោយអ្នកមិនព្យាយាមកែលំអរវា មិនរត់គេច មិនផ្លាស់ប្ដូរ នោះអ្នកនឹងរសាត់អណ្តែតតាមខ្យល់តែមួយមុខប៉ុណ្ណោះ ។ ដូច្នេះចូរផ្លាស់ប្ដូរមនុស្សដែលអ្នកទាក់ទង ផ្លាស់ប្ដូររូបភាពដែលអ្នកមើល ផ្លាស់ប្ដូររបស់ដែលអ្នកប្រើ ផ្លាស់ចម្រៀងដែលអ្នកស្ដាប់ ផ្លាស់ប្តូរមកនៅអ្វីដែលល្អ ហើយត្រូវត្រូវហ្វឹកហាត់ចិត្តឱ្យមានកម្លាំងខ្លាំងអាចតបតទៅមជ្ឈដ្ឋានខាងក្រៅវិញ ដោយអំណាចនៃកុសលកម្ម គឺជាអំពើល្អ ការព្យាយាមល្អ ដើម្បីទទួលបានលទ្ធផលល្អ... !
សុបិន
សុបិនជាភាពរវើរវាយនៃខួរក្បាលដែលបង្កើតជារូបភាពអ្វីម្យ៉ាងដែលយើងមិនបាន តាំងចិត្តបង្កើត។ ធាតុពិត ពាក្យថា សុបិន មានន័យថា ដេកលក់។ ប៉ុន្តែមនុស្សច្រើនតែសំដៅដល់ សេចក្ដីប៉ងប្រាថ្នារបស់ពួកគេ ឬការស្រមើស្រមៃ ឬជាផែនការច្បាស់លាស់ក៏មាន។ អ្នកខ្លះនិយាយថា មនុស្សល្ងង់សុបិនតែនៅពេលដេកលក់ រីឯអ្នកមានគតិបណ្ឌិតសុបិននៅពេលភ្នាក់ដឹកខ្លួន ឬសុបិននៅពេលថ្ងៃ។ សុបិននៅពេលថ្ងៃគឺជា គឺបំណងប្រាថ្នាបែបប្រាកដប្រជា ដែលមានផែនការ និងការអនុវត្តដើម្បីឱ្យក្លាយជាការពិត។ ទស្សនៈមួយបានលើកឡើងថា បើអ្នកគ្មានក្ដីសុបិនទេ តើនឹងមានក្ដីសុបិនក្លាយជាការពិតឯណាបាន? បើទោះបីជា សុបិន ដែលគ្មានផែនការជាក់លាក់ គ្មានការអនុវត្ត ក៏សុបិនខ្លះអាចក្លាយជាការពិតបាន ដោយអំណាចនៃការរំពឹងទុកក្នុងចិត្ត ឬហៅថា អំណាចនៃចិត្ត (power of mind) វាប្រៀបដូចជាការជឿទៅលើអ្វីមួយដោយងុបងុល ។ ជាបទពិសោធន៍ ខ្ញុំមានអារម្មណ៍ថា ខ្ញុំតែងតែជួបប្រទះនូវអ្វីដែលខ្ញុំព្យាយាមស្វែងរក ដោយគ្រាន់តែគិត ហាក់បីដូចជាមានវេទមន្តអ្វីមួយបង្កើត ឬនាំមកឱ្យខ្ញុំ ។និយាយពីមនុស្សដែលច្រើនតែសុបិននៅពេលដេកលក់វិញ តាមលក្ខណៈវិទ្យាសាស្ត្រ គឺជាមនុស្សដែលគិតច្រើន និងមួយទៀតគឺជាមនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ ឬសុខភាពមានបបញ្ហា។
ទស្សនៈមួយលើកឡើងថា ជាមួយនឹងការស្រមើស្រមៃ អ្នកអាចទៅដល់គ្រប់ទីកន្លែង ។ មនុស្សខ្លះរស់នៅក្នុងក្ដីស្រមៃ បើទោះបីជាវាមិនមែនជាការពិតកដោយ ក៏ពួកគេនៅតែមានអារម្មណ៍ថា សប្បាយជាមួយនឹងក្ដីស្រមៃបែបសុទិដ្ឋិនិយម ពួកគេមានអារម្មណ៍ថា ពួកគេនៅកន្លែងដែលគេចង់ទៅ ដោយរូបភាពប្រឌិតឡើង។ អាល់បឺតអាញស្តាញ និយាយថា ការស្រមើស្រមៃមានអំណាចជាងបញ្ញាញាណ នោះមានន័យថា ចំណេះដឹងឬបញ្ញា គឺមានកំណត់ ប៉ុន្តែការស្រមើស្រមៃគឺឥតព្រំដែន និងមានឥទ្ធិពល។ ជាក់ស្ដែង អ្វីដែលគេបានបង្កើតឡើង ដ៏អស្ចារ្យជាច្រើនគឺសុទ្ធតែផ្ដើមចេញពីការស្រមើស្រមៃភ្ជាប់ជាមួយនឹងទស្សនៈមួយដែលលើកឡើងថា អ្វីដែលអាចស្រមើស្រមៃបានគឺសុទ្ធតែជាការពិត។
បើក្ដីសុបិនរបស់អ្នកមិនធ្វើឱ្យអ្នកដទៃសើចទេ បញ្ជាក់ថាវានៅតូចពេក ត្រូវសុបិនឱ្យធំជាងហ្នឹង។ បើអ្នកមិនខំធ្វើការដើម្បីសម្រេចក្ដីសុបិនរបស់ខ្លួនឯងទេ អ្នកដទៃនឹងជួលអ្នកឱ្យសម្រេចក្ដីសុបិនរបស់គេ ។
ជីវិតដ៏សាមញ្ញ
ជីវិតដ៏សាមញ្ញ
១/ លះបង់ការប្រៀបធៀប: មិនចាំបាច់ប្រើប្រាស់របស់ទំនើបដើម្បីបង្អួតគេ មិនចាំបាច់រៀបឬកសម្ដែងធ្វើជាមនុស្សបែបនេះឬមនុស្សបែបនោះ និយាយឱ្យខ្លីគឺថាបើចូលចិត្តអ្វីស្រឡាញ់អ្វីត្រូវការអ្វីគឺធ្វើហ្នឹង ឳ្យតែមិនខុសច្បាប់ ។ នោះគឺជាជីវិតដ៏ពិតប្រាកដ មិនមែនជាជីវិតបែបក្លែងបន្លំ ឬថតចម្លង ។
២/ គ្មានការប្រកួតប្រជែង: គ្រាន់តែធ្វើអ្វីទីតាមការគួរ តាមសមត្ថភាព និងលទ្ធភាព មិនចាំបាច់ទៅប្រកួតជាមួយនឹងនរណា យកពានរង្វាន់ទេ
៣/ ធ្វើអ្វីតាមតម្រូវការ: យើងរកតែរបស់ណាដែលយើងត្រូវការប្រើប្រាស់សម្រាប់ជីវិតផ្ទាល់ខ្លួន ឧទាហរណ៍ថាបើយើងស្រេកទឹក យើងទិញទឹកហូប បើយើងឃ្លានបាយ យើងហូបបាយ មិនមែនហូបដើម្បីបង្អួតគេថាមានលុយហូបរបស់ថ្លៃនោះទេ។
៤/ សច្ចៈទៀងត្រង់: អ្វីខុសថាខុស អ្វីត្រូវថាត្រូវ មិនចំពោះគេជានរណាក៏ដោយ បើអាចថាបានយើងថា បើថាមិនបាន យើងលាក់ទុកក្នុងចិត្ត ក៏ប៉ុន្តែមិនត្រូវធ្វើខុសតាមគេ រស់នៅជាមួយនឹងការពិត ភាពពិតរបស់ខ្លួនឯង។
៥/ តម្លៃជីវិត: ជិវិតមានតម្លៃស្ថិតលើគុណធម៌ គឺជាទង្វើដែលមនុស្សម្នាក់ៗបានធ្វើដើម្បីមនុស្សដទៃ ដើម្បីសង្គម ឬជាតិមួយ មិនមែនគ្រាន់តែជាទ្រព្យដែលមនុស្សមាននោះទេ។
៦/ សុភាវធម៌ : ការផ្តល់ឱ្យនរណាម្នាក់មិនចាំបាច់ទាល់តែមានរបស់ឱ្យគេនោះទេ ត្រឹមតែជាកាយវិការពាក្យសម្ដីទន់ភ្លន់ ស្នាមញញឹមក៏ជាទានដ៏ប្រសើរសម្រាប់មនុស្សជុំវិញ ។
៧/ សោភណ្ឌភាព: រស់នៅជាមួយនឹងភាពស្រល់ត្រកាលនៃធម្មជាតិ អនាម័យ រៀបចំទីកន្លែងស្នាក់នៅឱ្យស្អាតបាត ប្រៀបដូចជារស់នៅក្នុងសួនឧទ្យាន។
Thursday, August 20, 2020
រៀនពីដុំថ្ម និងទឹក
រៀនពីដុំថ្ម និងទឹក
ដុំថ្ម :ត្រូវធ្វើចិត្តឱ្យរឹងមាំដូចជាដុំថ្ម មិនខ្លាចព្យុះ ភ្លៀង កំដៅ មិនឱ្យអ្វីៗនៅខាងក្រៅមកបំផ្លាញសន្តិភាពនៅខាងក្នុងចិត្ត ។ មនុស្សម្នាក់ៗមានចិត្តជាអ្នកដឹកនាំរាងកាយ យើងមិនអាចគ្រប់គ្រងចិត្តតាមអ្វីដែលយើងចង់បានងាយៗទេ ព្រោះថាតើមានអ្វីអាចមកបញ្ជាចិត្តឱ្យមានលក្ខណៈបែបនេះឬបែបនោះបាន ? សូម្បីតែអ្វីដែលអ្នកហៅថាខ្លួនឯង ឬខ្លួនខ្ញុំ ឬខ្ញុំនោះ ជាអ្វីឱ្យប្រាកដ នៅកន្លែងណាឱ្យប្រាកដគឺអ្នកមិនទាន់ដឹងផង និយាយតែថាខ្ញុំៗ តែមិនស្គាល់ខ្ញុំហ្នឹងវាយ៉ាងម៉េចនោះទេ ។ តើខ្ញុំនោះជាចិត្តរបស់អ្នក ឬជាខ្លួនអ្នក ? អ្វីដែលអ្នកហៅថាខ្ញុំនោះ វាជារចនាសម្ព័ន្ធរវាងចិត្តនិងកាយ ឯចិត្តមានឥទ្ធិពលលើរាងកាយ ជាអ្នកដឹកនាំបញ្ជារាល់សកម្មភាព រួមទាំងការគិត ផងដែរ ។ ដូច្នេះតើមានអ្វីមកគ្រប់គ្រង់ចិត្ត ? គឺសតិ និងបញ្ញា ។ បញ្ញាគឺជាចំណេះដឹងដែលសន្សំទុកនៅក្នុងខួរក្បាល សតិគឺជាធាតុដឹង ដឹងរាល់វេទនានៅក្នុងរាងកាយទាំងអស់ សតិរលឹកមើលចិត្ត ដោយយកបញ្ញាមកជាផ្លូវគន្លង ។ ចិត្តវាចេះអៀនខ្លាំងណាស់ ឱ្យតែសតិតាមទាន់ចិត្តនៅសង្កេតចិត្តជាប់ជានិច្ច ចិត្តវានឹងនៅស្ងៀមមិនរពឹស ហើយនឹងចេះស្ដាប់បង្គាប់តាមបញ្ញា ហើយយើងក៏អាចអប់រំវាឱ្យទៅតាមអ្វីដែលយើងចង់បាន បានហើយ គឺត្រូវធ្វើឱ្យវាមានលក្ខណៈរឹងមាំដូចជាដុំថ្ម មិនឱ្យពាក្យសម្ដី កាយវិការ និងរាល់អំពើជាអកុសលខាងក្រៅ ជ្រាបចូលទៅធ្វើឱ្យប៉ះទង្គិចនឹងចិត្តជាដាច់ខាង ។
ទឹក: គឺត្រូវធ្វើកិច្ចការឱ្យទន់ដូចជាទឹក ប្រែប្រួលបត់បែន តាមកាលៈទេសៈ បើដូចជាទឹកដែលហូរទៅតាមស្ទឹងមិនថាស្ទឹងមានលក្ខណៈបែបណាក៏ទឹកនៅតែអាចទៅ មុខជានិច្ចគ្មានអ្វីមករារាំងបាន ពេលជួបបញ្ហាក៏ចេះគេច ចេះទំលុះ ចេះតើរុញច្រាន តាមដំណើរ មិនខ្លាំងពេក មិនខ្សោយពេក ពេលជួបដុំថ្មធំពេកក៏វាងគេច ពេលជួបរបស់តូចស្រាលល្មមក៏រុញទៅ រុញហើយរុញទៀត ជាដរាប ទោះបីជាមានទំនប់មករារាំង តែទឹកនៅតែរក្សាគោលដៅជានិច្ច បើធ្វេសតែបានទំនប់ ធ្លុះធ្លាយតែបន្តិច ទឹកក៏នឹងបន្តដំណើរបន្តទៀត ។ លើលោកនេះគ្មានអ្វីឈ្នះទឹកទេ ហើយក៏គ្មានអ្វីទន់ជាងទឹកដែរ ។
អ្វីៗផ្ដើមចេញពីខ្លួនឯង
អ្វីៗផ្ដើមចេញពីខ្លួនឯង
បើត្រឹមតែចិត្តខ្លួនឯងគ្រប់គ្រងមិនបាន តើទៅសង្ឃឹមអ្វី?
ចិត្តខ្លួនឯង
ហេតុអ្វីថាគ្រប់គ្រងមិនបាន? ដូច្នេះមានន័យថា វាមិនមែនជារបស់អ្នកទេ!
រឿងដំបូងដែលត្រូវធ្វើគឺព្យាយាមយកឈ្នះលើខ្លួនឯងសិន ។
មនុស្សជាច្រើនតែងព្យាយាមយកឈ្នះអ្នកដទៃ ទាំងដែលមិនអាចយកឈ្នះលើចិត្តខ្លួនឯងផង
។ មនុស្សជាច្រើនតែងព្យាយាមស្គាល់អ្នកដទៃ ចង់ដឹងរឿងអ្នកដទៃ
តែមិនស្គាល់ខ្លួនឯង ។ នៅពេលដែលអ្នកស្គាល់ខ្លួនឯង ហើយអាចយកឈ្នះខ្លួនឯង
អ្នកក៏អាចគ្រប់គ្រងលើអារម្មណ៍ ជាសុខឬទុក្ខ ភាពស្មុគស្មាញ តប់ប្រមល់ទាំងឡាយ
មិនមានអ្វីដែលហៅថា ជំងឺ Depression , ឬ Stress អីនោះទេ
ហើយវាជាអារម្មណ៍ដ៏មានសេរីភាពម្យ៉ាង
ដែលអ្នកនឹងមិនស្ថិតនៅក្រោមគំនាបសំពាធនៃមជ្ឈដ្ឋានខាងក្រៅ មានដូចជាមនុស្ស
ស្ថានភាពសង្គម សូរសំឡេង រឿងរ៉ាវផ្សេងៗ។ អ្នកក៏អាច ដឹកនាំជីវិតរបស់អ្នក
គឺអ្នកអាចទទួលបាននូវចង្កូតនៃជីវិតរបស់អ្នកនៅលើដៃរបស់អ្នក ។ វាសនាគឺការកសាង
វាសនាគឺនៅលើដៃនៃមនុស្សម្នាក់ៗ
ចូរកុំប្រគល់វាទៅរបស់ដែលអ្នកមើលមិនឃើញជាអ្នកគ្រប់គ្រងវា ។
មាគ៌ាជីវិត
ក្ដីសង្ឃឹមគ្រាន់តែជាជម្រើសមួយ ហេតុអ្វីមួយមួយចំនួន គ្មានសង្ឃឹម? ក្ដីសង្ឃឹមគ្រាន់តែជាជម្រើស គឺជាជម្រើសនៅក្នុងចិត្តឬគំនិតរបស់ខ្លួនឯង ប៉ុន្តែវាមានឥទ្ធិពល ដ៏ធំធេងក្នុងជីវិត ។ ការគិត ការសម្រេចចិត្ត ឬការកំណត់ទុកនៅក្នុងចិត្ត វាមានរលកហ្វ្រេកង់ ប្រៀបដូចជា រលកវិទ្យុ បង្កើត ស្វែងរក និងបញ្ចេញ ឱ្យចេញជារូបភាពពិតបាន ។ ធាតុពិត នៃអ្វីៗគ្រប់យ៉ាង ផ្ដើមចេញពី របស់ពីយ៉ាង គឺរូប និងថាមពល (រូបធម៌ និងនាមធម៌) បើឱ្យល្អិតជាងហ្នឹងទៅទៀត គឺមានត្រឹមតែជារំញ័រ (vibration) ហើយរំញ័រនេះ ធ្វើឱ្យចេញជារូបនៃអ្វីៗទាំងអស់ដែលយើងអាចមើលឃើញ និងចាប់បាន ។ ការគិត ការសម្រេចចិត្ត ឬការកំណត់ទុកក្នុងចិត្ត វាគឺជាក្ដីសង្ឃឹម ហើយវាគឺមានថាមពល រំញ័រ ដែលនឹងបង្កើតជារូបភាពឡើងមក ហេតុនេះទើប យើងមិនគួរបណ្ដោយឱ្យចិត្តរបស់ទទួលនូវភាពអវិជ្ជមានពីពិភពខាងក្រៅមក ដែលវាមានឥទ្ធិពល គ្របសង្កត់ចិត្តឱ្យមានលក្ខណៈអវិជ្ជមានទៅតាមហ្នឹង ហើយជីវិតក៏នឹងពោរពេញដោយ ភាពអវិជ្ជមាន ។ សរសេរទៅសរសេរមក ជៀសមិនផុតពី បង្ហាញអំពីការគ្រប់គ្រងចិត្តលើកយកមកសរសេរ គឺថា មនុស្សធម្មតា មិនអាចគ្រប់គ្រងចិត្តខ្លួនឯងបានទេ ទាមទារឱ្យមានចំណេះដឹង អំពីខ្លួនឯង ព្យាយាមហ្វឹកហាត់ និងរក្សាសតិឱ្យបានល្អ ជៀសវាងការហូបនូវគ្រឿងស្រវឹង និងសារធាតុញៀនទាំងឡាយដែលធ្វើឱ្យបាត់បង់សតិ ព្រោះមានតែតួសតិមួយ គត់ដែលអាចប្រើយកទៅគ្រប់គ្រងចិត្តបាន ។
សរុបមកវិញ បើជីវិតពិតជារបស់ខ្លួនឯងមែន ត្រឹមតែពាក្យថា “ក្ដីសង្ឃឹម” មិនមានអ្វីពិបាករកទេ ។
ភាពជាមនុស្សមានឧបនិស្ស័យផ្សេងៗគ្នា
ភាពជាមនុស្សមានឧបនិស្ស័យផ្សេងៗគ្នា មនុស្សម្នាក់មានភាពខុសគ្នា ច្រើនបែបច្រើនយ៉ាង ទាំងរូបរាងខាងក្រៅ ចិត្តគំនិត ចំណេះដឹង ចំណង់ចំណូលចិត្ត និងស...
-
#ឈប់ទទួលយកការលើកទឹកចិត្ត ហេតុអ្វីអ្នកចង់បានការលើកទឹកចិត្ត? តើអ្នកខ្វះទឹកចិត្តមែនទេ? មនុស្សរាល់គ្នាត្រូវការការលើកទឹកចិត្តដើម្បីធ...
-
អ្វីៗផ្ដើមចេញពីខ្លួនឯង បើត្រឹមតែចិត្តខ្លួនឯងគ្រប់គ្រងមិនបាន តើទៅសង្ឃឹមអ្វី? ចិត្តខ្លួនឯង ហេតុអ្វីថាគ្រប់គ្រងមិនបាន? ដូច្នេះមានន័យថា វាមិ...









