Wednesday, October 28, 2020

ភាពជាមនុស្សមានឧបនិស្ស័យផ្សេងៗគ្នា

មនុស្សម្នាក់មានភាពខុសគ្នា ច្រើនបែបច្រើនយ៉ាង ទាំងរូបរាងខាងក្រៅ ចិត្តគំនិត ចំណេះដឹង ចំណង់ចំណូលចិត្ត និងសតិបញ្ញា ។ អ្នកខ្លះកើតមកល្អទាំងរូប ល្អទាំងបញ្ញាស្មារតី អ្មកខ្លះក៏ល្អទាំងជីវភាព-គ្រួសារ អ្នកខ្លះកើតមកក៏លំបាក ឬអន់គ្រប់យ៉ាង អាចជាមានកាយសម្បទាមិបគ្រប់គ្រាន់ ឬខ្សោយបញ្ញាស្មារតី-ល-។ រាល់កំហុសឆ្គង ណាមួយកើតឡើង យើងក៏នឹងគិតថា មនុស្សនេះគួរតែបែបនេះ គួរតែបែបនោះ ប៉ុន្តែធាតុពិត អ្វីគ្រប់យ៉ាងគឺសុទ្ធតែគួរទៅហើយ ។ មនុស្សកើតមកទៅតាមឧបនិស្ស័យរៀងខ្លួន ទោះមិននិយាយថាឧបនិស្ស័យក៏អាចថា ទៅតាមភាពចៃដន្យរៀងៗខ្លួន មិនអាចរៀបចំដោយខ្លួនឯងបាន ក៏ប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ គឺខ្ញុំជឿលើកម្មផល គឺអ្វីៗប្រព្រឹត្តទៅតាមកម្ម អ្វីៗដែលមនុស្សទទួលគឺជាអ្វីដែលគេកសាងមក ។ អ្នកកើតមកល្អគឺមានឧបនិស្ស័យល្អ អ្នកកើតមកមិនល្អគឺមានឧបនិស្ស័យមិនល្អ ហើយពួកគេរាល់គ្នា ពិតជាមិនបានដឹងឡើយ មនុស្សកើតមកល្ងង់ គឺរឹតតែមិនដឹងថាខ្លួនឯងល្ងង់ ហើយមនុស្សកើតមកឆ្លាតក៏តែងតែមើលងាយ ធ្វើបាន បន្ទាបបន្ថោកអ្នកល្ងង់ គឺល្ងង់ដូចគ្នា ព្រោះតែមិនបានយល់ដឹងអំពីដំណើរនៃធម្មជាតិ គឺកម្មជាអ្នកចាត់ចែង ។អ្នកខ្លះកើតមកមានសំណាង មានបញ្ញាល្អ អាចបែងចែកខុសត្រូវល្អអាក្រក់បានល្អ អ្នកខ្លះកើតមកគ្មានសំណាង គឺបើទោះបូជាមានខួរក្បាលល្អ ទែកើតចំកន្លែងមិនល្អ ក៏នាំឱ្យខួរក្បាលក្លាយទៅជារបសអត់បានការ ។ នៅក្នុងសង្គមបច្ចុប្បន្ន តែតែកើតមាននូវការប្រកាន់សព្វបែបសព្វយ៉ាង បន្ទោសអ្នកនេះយ៉ាងនេះ បន្ទោសអ្នកនោះយ៉ាងនោះ នោះក៏ព្រោះតែ ទាំងអ្នកល្ងង់ទាំងអ្នកឆ្លាតគឺសុទ្ធតែមិនដឹង ថាខ្លួនឯងមិនដឹង គឺមិនដឹងអំពីដំណើររបស់វា ហេតុរបស់វា ដែលនាំឱ្យអ្វីៗទៅជាយ៉ាងហ្នឹង ។ គ្មានអ្វីមួយដែលមិនសមហេតុផលឡើយ អ្វីៗកើតព្រោះហេតុបច្ច័យដែលនាំឱ្យកើត រលត់ព្រោះហេតុបច្ច័យដែលនាំឱ្យរលត់ ឬថា អ្វីៗគឺមានសភាពធម្មតា ។
លើលោកនេះគ្មានអ្នកណាចង់ក្រ គ្មានអ្នកណាចង់លំបាក គ្មានអ្នកណាចង់ល្ងង់ តែដោយហេតុឧបនិស្ស័យនាំកំណើតមកខុសគ្នា រស់នៅក្នុងស្ថានភាពខុសគ្នា អ្វីៗក៏ខុសគ្នា តែមានចំណុចដូចគ្នាមួយគឺសុទ្ធតែជាមនុស្សដូចគ្នា ។ ដូច្នេះមិនគួរមើលបំណាំគ្នាទេ បើអ្នកមានសំណាងបានសិក្សារៀនសូត្រមានការយល់ដឹងគួរជួយពន្យល់អប់រំដល់អ្នកគ្មានឧបនិស្ស័យល្អដូចអ្នក ពួគគេគឺគួរឱ្យអាណិត។

 

គុណល្អនិងគុណអាក្រក់

គុណល្អនិងគុណអាក្រក់

 

គុណប្រែថាចម្រើន ចម្រើនគឺធ្វើឱ្យច្រើន ពីតិចទៅច្រើន ។ គុណ ក៏ជាអាវុធដ៏កាចសាហាវមួយរបស់មនុស្សសព្វថ្ងៃ យកមកប្រើដើម្បីចិញ្ចឹមជីវិត ។ មនុស្សសព្វថ្ងៃ ធ្វើគុណទៅលើនរណាម្នាក់ដោយទាមទារការតបស្នងមកវិញ ជាដាច់ខាត បើមិនបានមកវិញគឺនឹងត្រូវបានចោទប្រកាន់ថាមនុស្សក្រពើ ។ ហើយគោលបំណងដែលធ្វើទៅគឺធ្វើបានបានផលមកខ្លួនឯងវិញ ឯមនុស្សដែលទទួលរងគុណពីគេ គឺរងគំនានសង្កត់ដ៏ធ្ងន់ធ្ងរ ជាគំនាបសង្កត់ផ្លូវចិត្ត រស់នៅយ៉ាងលំបាក វេទនាផ្នែកផ្លូវចិត្ត បើមិនបានតបគុណទៅគេវិញទេ ទើបខ្ញុំចាត់ទុកថាគុណក៏ជាអាវុធដ៏កាចសាហាវមួយ ដែលមនុស្សទុចរិតប្រើ ។ បើអាចជៀសវាងបាន គួរតែជៀសវាងកុំទទួលគុណពីគេ ព្រោះវាជាបំណុល ជាបំណុលដែលកើនឡើង គឺច្រើនឡើងៗ ដែលនឹងត្រូវស្វែងរកអ្វីៗមកសងគេវិញ ទើបអាចរួចខ្លួន ។ ទទួលអ្វីតាមលទ្ធផលដែលខ្លួនឯងគួរបានទទួល កុំយកអ្វីលើសពីហ្នឹង ។
គុណដែលធ្វើដោយសេចក្ដីល្អ ដោយចាគៈគឺការលះបង់ ដោយមិនទាមទារធ្វីមកវិញទើបជាគុណជាតិមួយដ៏ល្អ ដែលប្រកបដោយមេត្តា ករុណា និងមុទិតា ។ គុណដ៏ល្អ ធ្វើទៅ ធ្វើដើម្បីសេចក្ដីសុខចម្រើន ពីម្នាក់ទៅម្នាក់ ហើយក៏វិលមករកខ្លួនឯងវិញដោយឥតចាំបាច់ទាមទារ ហើយវាពិតប្រាកដជាបានទទួលនូវអ្វីដែលខ្លួនឯងបានធ្វើ គឺជាកម្ម ជាច្បាប់ធម្មជាតិ ជាច្បាប់ដ៏យុត្តិធម៌បំផុត។ សាងល្អគឺបានល្អ តែសាងល្អដើម្បីបានផល មិនហៅថាសាងល្អទេ ហៅថាការរកស៊ី រកស៊ីដោយលក់គុណ។ អ្វីៗកន្លងមកដែលខ្ញុំឱ្យទៅអ្នកដទៃ បើអ្នកបានអានអត្ថបទនេះ បានទទួលហើយ សូមប្រាប់ថា វាជាអ្វីដែលខ្ញុំមិនរំពឹងការតបស្នងឡើយ អ្វីដែលខ្ញុំអាចឱ្យបានខ្ញុំនឹងឱ្យ ខ្ញុំឱ្យជាការចែករំលែក ឱ្យបានសុខចម្រើន។
 
 

Wednesday, August 26, 2020

បច្ចេកទេសរក្សាមែកផ្សាំនៃដំណាំឱ្យដុះ១០០%

 បច្ចេកទេសរក្សាមែកផ្សាំនៃដំណាំឱ្យដុះ១០០%

ដំណាំដែលផ្សាំដុះហើយ នៅពេលដែលយើងកាត់វាយកមកដាំ វាច្រើនតែដុះខ្លះ មិនដុះខ្លះ តែសម្រាប់បច្ចេកទេសមួយនេះ គឺជួយឱ្យដំណាំដែលផ្សាំដុះឬសហើយ ទោះបីវាទើបតែដុះឬស ប៉ុនម្ជុលតែ១ឬស ក៏វានឹងមិនងាប់ដែរ ។ នៅពេលកាត់មែកដំណាំផ្សាំចេញពីដើមមក វាប្រៀបបាននឹងទារកដែលទើបនឹងកើត មិនរឹងមាំ ងាយនឹងងាប់ ដូច្នេះគួរកាត់មែក និងកាត់ស្លឹកចេញខ្លះ (រក្សាប្រហែល ៣០%) ដាក់ត្រាំទឹកស្អាតត្រង់កន្លែងផ្សាំដើម្បីផ្សើមស្រកីដូងផ្សាំ ១០-១៥នាទី  រួចយកវាទៅច្រកថង់ផ្លាស្ទិច ចងមាត់ថង់ឱ្យជិត ហើយដាក់នៅក្នុងម្លប់ រហូតដល់យើងឃើញថាដំណាំបានដុះឬសច្រើនគ្រប់គ្រាន់ និងលាស់ស្លឹកថ្មីមក ទើបយើងគួរយកវាទៅបណ្ដុះក្នុងថង់បណ្ដុះ ឬដាំយកតែម្ដងក៏បាន។








 

ឈប់ទទួលយកការលើកទឹកចិត្ត

 


           ហេតុអ្វីអ្នកចង់បានការលើកទឹកចិត្ត? តើអ្នកខ្វះទឹកចិត្តមែនទេ? មនុស្សរាល់គ្នាត្រូវការការលើកទឹកចិត្តដើម្បីធ្វើអ្វីៗ ពិសេសគឺរឿងដែលសំខាន់ៗ ប៉ុន្តែអ្នកមិនបានគិតទេថា វាបង្ហាញពីភាពទន់ខ្សោយរបស់អ្នកទៅវិញ ។ មនុស្សទន់ខ្សោយត្រូវការ ការលើកទឹកចិត្ត តែមនុស្សខ្លាំង មនុស្សរឹងមាំ មិនបាច់ត្រូវការការលើកទឹកចិត្ត ដើម្បីធ្វើអ្វីមួយនោះទេ ។ មានទស្សនៈមួយខ្ញុំមិនចងចាំថាអ្នកណាអ្នកនិយាយទេ តែមានអត្ថន័យថា បើអ្នកត្រូវការការលើកទឹកចិត្តដើម្បីធ្វើរឿងមួយ នោះអ្នកកុំធ្វើវាអី ។ មានអត្ថន័យថា រឿងមួយចំនួន ដូចជារឿងដែលទើបតែចាប់ផ្ដើមថ្មី គឺតែងតែត្រូវបានរារាំង និងបំបាក់ទឹកចិត្តពីមនុស្សដែលមិនយល់ពីវា នៅជុំវិញខ្លួនឯង ។ រឿងដ៏អស្ចារ្យជាច្រើន ត្រូវបានបង្កើតឡើងដោយមនុស្សតែម្នាក់ ឬពីរនាក់ប៉ុណ្ណោះ គឺពួកគេជាមនុស្សដែលមិនព្រមស្ដាប់ពាក្យបំបាក់ទឹកចិត្តពីមនុស្សជុំវិញខ្លួន ហើយព្យាយាមតស៊ូជំនះ រហូតទទួលបានជោគជ័យ ដែលពីដំបូងឡើយ ពួកគេតែងតែត្រូវបានមនុស្សនៅជុំវិញចោតថាជាមនុស្សឆ្គួត ។ រឿងខ្លះវាគឺមិនអាចទៅរួច រហូតដល់វាត្រូវបានធ្វើរួច ! ត្រលប់មកនិយាយពីការលើកទឹកចិត្តវិញ អ្នកត្រូវតែមានកសាងចិត្តខ្លួនឱ្យរឹងមាំ រឹងមាំរហូតដល់មិនចាំបាច់ត្រូវការការលើកទឹកចិត្តពីនរណាម្នាក់ឡើយ នោះទើបជាមនុស្សខ្លាំងពិតប្រាកដ ។ ជាមួយនឹងទំនុកចិត្តដែលមានសម្រាប់នៅក្នុងខ្លួនឯង អ្នកគឺមិនចេះបាត់បង់វាទេ ហើយអ្នកអាចយកវាទៅធ្វើអ្វីៗបាន ប្រកបដោយថាមពល គឺជាថាមពលដែលនឹងអាចទំលុះទៅគោលដៅ នៃជីវិតរបស់អ្នកបាន។ កសាងដួងចិត្តឱ្យរឹងមាំ គឺប្រសើរជាងការមានរាងកាយរឹងមាំរាប់ពាន់ដង ។ ជាមួយនឹងមនុស្សពិការម្នាក់ ដែលមានដួងចិត្តរឹងមាំ គឺខ្លាំងក្លាជាងមនុស្សមានដៃជើងគ្រប់គ្រាន់ដែលខ្វះជំនឿចិត្តលើខ្លួនឯង។ មនុស្សដែលទទួលបានជោគជ័យគឺជាមនុស្សដែលមានដួងចិត្តដ៏រឹងមាំ មិនព្រមចុះចាញ់ ។ អ្នកបោះបង់មិនដែលជោគជ័យ អ្នកជោគជ័យគឺមិនដែលបោះបង់។
            កម្លាំងចិត្តដែលរឹងមាំអាចគាស់រំលើងភ្នំឱ្យក្លាយជាផ្ទៃរាបបាន ។ ចូរដុះខាត់ចិត្តឱ្យមានភាពរឹងមាំ ដោយពុំចាំបាច់ត្រូវការការលើកទឹកចិត្តពីនរណាម្នាក់ឡើយ ។ ការជឿជាក់លើច្បាប់កម្មផល គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការកសាងចិត្តឱ្យរឹងមាំ ការមានជំនឿលើរបស់អរូបី ឬអបិយជំនឿ គឺជាការធ្វើឱ្យចិត្តទន់ខ្សោយ ដោយអ្នកត្រូវសុំ បន់ស្រន់ពីអ្វីមួយ ហើយរបស់ទាំងនោះគឺពិតជាមិនអាចឱ្យអ្វីមួយដល់អ្នកឡើយ គឺមានតែខ្លួនឯង ជាអ្នកកសាង ស្វែងរកអ្វីៗសម្រាប់ខ្លួនឯង ។ ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។

គេខ្លាំងឬយើងខ្សោយ

 


គេខ្លាំងឬយើងខ្សោយ? 

នៅរាល់ពេលមានបញ្ហាណាមួយកើតឡើង យើងតែងតែបន្ទោសទៅលើសត្រូវរបស់យើងថាគេបែបនេះឬបែបនោះ តែយើងមិនវាយតម្លៃលើសមត្ថភាពរបស់ខ្លួនឯងទេ ថាតើសត្រូវខ្លាំង ឬមកពីយើងនេះវាខ្សោយពេក ដែលសូម្បីតែមនុស្សឆ្គួតម្នាក់ក៏អាចបង្កព្យុះភ្លៀងក្នុងសង្គមយើងបាន ។ បញ្ហាមួយចំនួនដែលតែងតែកើត និងកំពុងតែកើតមានឡើង វាគ្រាន់តែជារឿងតូចតាច បង្កដោយមនុស្សឆ្កួត មនុស្សសំរាម តែបែរជាធ្វើឱ្យភ្ញាក់ផ្អើលពេញស្រុកទេស នោះមកពីអ្វី? គឺមកពីយើងខ្សោយពេក មកពីយុវជនខ្មែរយើង ភាគច្រើនជាក្លាយទៅជាមនុស្សដែលពេញចិត្តទៅលើរឿងទាំងនោះ គឺរឿងដែលមិននាំឱ្យរីកចម្រើន តែមិនដឹងថាត្រូវគេពង្វក់ ឬក៏ខ្លួនឯងពង្វក់ខ្លួនឯង ឬមកពីកត្តាអប់រំ ឬមកពីកត្តាគ្រួសារ ឬកត្តាសត្រូវនៅជិតខាង ...បើសម្រាប់ខ្ញុំ ខ្ញុំដឹងចម្លើយរួចហើយ ថាមកពីអ្វី ក៏ប៉ុន្តែមិនអាចនឹងសរសេរបញ្ជាក់បានទេ ។ ប្រសិនបើបញ្ហាដែលបង្កឡើងដោយមនុស្សខ្លាំងពូកែ នោះសន្មត់ថា មកពីសត្រូវខ្លាំង តែបញ្ហាដែលបង្កឡើងដោយមនុស្សឆ្កួត បញ្ជាក់ថា យើងអន់ជាងមនុស្សឆ្គួតទៅទៀត ។ ប្រសិនបើយុវជនយើងជាមនុស្សរឹងមាំ មានការចេះដឹង ហើយចូលរួមសហការគ្នា គឺជាសរសេរទ្រូវដ៏រឹងមាំនៃប្រទេសជាតិ ពិតជាគ្មានអ្វីអាចបំបែកបានឡើយ ។ 

 កត្តាអប់រំគឺជារឿងសំខាន់ជាង ក្នុងការកសាងយុវជនឱ្យមានភាពរឹងមាំ ខ្លាំងក្លាបាន ។ មានតែយើងខ្លាំងទេ ទើបអាចរក្សាការពារ និងអភិវឌ្ឍប្រទេសជាតិយើងបាន។

Monday, August 24, 2020

ក្រួសមានតម្លៃជាងត្បូង

 

ក្រួសមានតម្លៃជាងត្បូង  

គ្រប់គ្នាប្រាកដជាគិតថាចំឡែក នៅពេលដែលឃើញខ្ញុំសរសេរថា ក្រួសមានតម្លៃជាងត្បូង ក៏ប៉ុន្តែវាគឺជារឿងពិត គ្រាន់តែមនុស្សទូទៅមិនបានស្វែងយល់ ។ ពាក្យថា ក្រួស បើតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួន ណាត ពន្យល់ថា ជាជាតិ​ថ្ម​មួយ​យ៉ាង មាន​សាច់​រឹង មាន​សណ្ឋាន​ជា​ដុំ​តូច​ៗ មូល​ខ្លះ​ សំប៉ែត​ខ្លះ ច្រើន​ដុះ​កើត​ក្នុង​ទឹក ប្រើ​ការ​លាយ​ជា​មួយ​ខ្សាច់ និង ស៊ីម៉ងត៍ ធ្វើ​គ្រឹះស្ថាន​ផ្សេង​ៗ ។ បើគិតពីការប្រើប្រាស់ ត្បូងមានគុណតម្លៃដូចជាក្រួសទេ ត្បូងបានត្រឹមតែជាគ្រឿងលម្អរ មិនមានប្រយោជន៍អ្វីទាល់តែសោះ តែដុំក្រួសវិញ គឺបានប្រើប្រាស់ យ៉ាងច្រើន អគារ ផ្លូវ ស្ពាន ទីក្រុងទាំងមូល គឺកសាងឡើងចេញពីដុំក្រួស ។ របស់ល្អសម្រាប់ប្រើ របស់ស្អាតសម្រាប់មើល ។ ក្នុងន័យម្យ៉ាងទៀត យើងមិនគួរឱ្យតម្លៃតែលើផ្នែកខាងក្រៅនោះទេ ប៉ុន្តែសង្គមមនុស្សបច្ចុប្បន្នគឺបែបនេះទៅហើយ ដោយមនុស្សម្នាក់ៗ ខំប្រឹងតុបតែងលម្អរតែរូបខាងក្រៅ មិនគិតគូសំអាតចិត្តគំនិតខាងក្នុងឱ្យបានល្អឡើយ ។ បើអ្នកនៅក្រីក្រលំបាកនៅឡើយ អ្នករឹតតែមិនគួរចំណាយទៅលើការបង្អួតតែរូបខាងក្រៅ ផ្ទុយទៅវិញ អ្នកត្រូវស្វែងរករបស់អ្វីដែលអាចប្រើប្រាស់បាន បានជាផលប្រយោជន៍ ដើម្បីភាពរីកចម្រើនឡើងពីមួយកម្រិតទៅមួយកម្រិត ។ មហាសេដ្ឋី លំដាប់ថ្នាក់ពិភពជាច្រើននាក់ គឺជាមនុស្សដ៏សាមញ្ញ ដូចជា Mark Zuckerberg , Bill Gate, Steve Jobs តែងតែស្លៀកសំលៀកបំពាក់សាមញ្ញ គ្មានចិញ្ជៀនពេជ្រ គ្មានត្បូង និងគ្រឿងអលង្កានៅជាប់នឹងខ្លួន ដោយសារគេមិនឱ្យតម្លៃលើរបស់ដែលឃើញតែនឹងភ្នែកទេ ។ តម្លៃមនុស្សនៅដោយមនុស្ស តម្លៃនៃវត្ថុនៅដោយវត្ថុ មនុស្សក៏មិនអាចក្លាយជាមានតម្លៃដោយសារពាក់វត្ថុមានតម្លៃនៅជាប់នឹងខ្លួនដែរ ។ តម្លៃនៃវត្ថុមួយ គឺអាស្រ័យដោយការប្រើប្រាស់ តម្លៃនៃមនុស្សក៏អាស្រ័យដោយគុណសម្បត្តិដែលមនុស្សអាចសាងឡើង ។ 

 វត្ថុទាំងទាំងពីរយ៉ាងនេះ វត្ថុមួយណាអាចប្រើបានជាប្រយោជន៍ជាង វត្ថុនោះហើយគឺមានតម្លៃជាង ។

Sunday, August 23, 2020

បើកចិត្ត Open mind

 

បើកចិត្តឱ្យទូលាយ  

ទម្លាក់ចោលនូវសេចក្ដីប្រកាន់ ចំពោះមនុស្សម្នាក់ៗ នូវអ្វីដែលជាចំណុចដែលយើងមិនចូលចិត្ត តែត្រូវដឹងថា អ្វីគ្រប់យ៉ាងគឺមានផ្នែកខាងល្អ និងផ្នែកខាងមិនល្អនៅជាមួយគ្នា ។ មនុស្សម្នាក់ៗសុទ្ធតែមានគុណសម្បត្តិដោយឡែកៗ ក៏មានចំណុចអាក្រក់ដោយឡែកៗពីគ្នា ។ អ្នកគួរតែលះបង់នូវការប្រកាន់ខ្លះ បើកចិត្តឱ្យធំទូលាយ ដើម្បីទទួលយកនូវចំណុចល្អណាមួយ មកប្រើឱ្យបានជាប្រយោជន៍ ។ ចិត្តដ៏ធំទូលាយ អាចប្រមូលយកនូវចំណេះដឹង បទពិសោធន៍ និងអ្វីដែលល្អៗ សម្រាប់កសាងជីវិតផ្ទាល់ខ្លួនបានយ៉ាងល្អប្រសើរ ។ សមុទ្រធំទូលាយ ទទួលយកនូវទឹកពីគ្រប់ទិសទី តែសមុទ្រនៅតែស្រស់ស្អាត សមុទ្រទទួលយកគ្រប់អ្វីៗដែលហូរមកតាមទឹក តែសមុទ្របានបក់បោកនូវអ្វីដែលមិនល្អចេញ ។ ការបើកចិត្តឱ្យធំទូលាយក៏ដូចគ្នា អ្នកត្រូវចេះទទួលយកនូវអ្វីដែលល្អ ហើយបោះបង់អ្វីដែលមិនល្អចោល តែបើគិតពីការប្រើប្រាស់ លើលោកនេះដូចជាគ្មានអ្វីដែលគ្មានប្រយោជន៍ឡើយ សំខាន់ឱ្យតែយើងចេះប្រើវា សូម្បីតែលាមកជាអ្វីដែលអ្នកខ្ពើមជាងគេ ក៏ជាជីដ៏ល្អ អាចយកទៅដាំដុះដំណាំ បានផ្លែផ្កាល្អយកទៅឱ្យអ្នកហូបវិញបាន។ ខ្ញុំតែងតែព្យាយាមសិក្សារៀនសូត្រពីមនុស្សជុំវិញ ទាំងអ្នកដែលខ្ញុំចូលចិត្ត និងមិនចូលចិត្ត តែបើនិយាយថាបើកចិត្តឱ្យទូលាយ គួរតែពុំសូវមានអ្នកដែលត្រូវកាន់ ឬស្អប់ដែរ វាជាការអធ្យាស្រ័យ និងការអភ័យ ។ អភ័យក៏ជាផ្នែកមួយនៃទាន គឺអភ័យទាន ការឱ្យទាននូវសេចក្ដីអភ័យដល់មនុស្សជុំវិញ ក៏ទទួលបានមកវិញនូវអភ័យ សម្រាប់ជីវិត ។ បើកចិត្តឱ្យទូលាយ មិនមែនឆាប់ជឿ ក៏មិនមែនឆាប់ទទួលយក គឺត្រូវទទួលដោយការពិចារណា ។ បើកចិត្តឱ្យទូលាយ ក៏ប្រៀបដូចជាបើក ទ្វាទទួលយកនូវរបស់មានតម្លៃជាច្រើនមកដែរ ។

 និយាយងាយ សរសេរក៏ងាយ តែធ្វើពិបាកមែនទេ? មិនមែនទេ បើអ្នកនិយាយថា ចិត្តរបស់អ្នក នោះអ្នកគួរតែអាចគ្រប់គ្រង់វាបានដែរ ព្រោះវាជារបស់អ្នក!


ព្រះអាទិត្យរះនៅពេលដែលផែនដីងងឹត

 

ព្រះអាទិត្យរះនៅពេលងងឹត 

អ្នកខ្លះយល់ថា ព្រះអាទិត្យរះនៅពេលព្រឹក តែការពិតទៅ ភពផែនដីបើគ្មានព្រះអាទិត្យ គឺងងឹតសូន្យ តែពេលដែលផែនដីវិលដល់ចំណុចដែលយើងរស់នៅ ក៏យើងឃើញថា ព្រះអាទិត្យរះមក ។ សន្មត់ថាព្រះអាទិត្យពិតជារះមក គឺរះមកនៅក្នុងពេលងងឹត ហើយព្រះអាទិត្យជាអ្នករះមកផ្ដល់ពន្លឺដល់ផែនដី។ ប្រសិនបើផែនដីមានពន្លឺស្រាប់ហើយ នោះព្រះអាទិត្យក៏មិនមានតម្លៃដែរ ។ ប្រៀបដូចទៅនឹងជម្ងឺកូវីដ១៩ ដែលកំពុងតែកើតមាននៅជុំវិញពិភពលោកនេះ បើសិនបើគ្មានកូវីដ មនុស្សក៏មិនត្រូវការវ៉ាក់សាំង និងថ្នាំព្យាបាលដែរ តែនៅពេលមានកូវីដ១៩ វ៉ាក់សាំងគឺជាវត្ថុមានតម្លៃ ។ នៅក្នុងន័យប្រៀបធៀប នៅក្នុងភាពវឹកវរ គឺមានឱកាស នៅកន្លែងដែលមិនល្អ អាចជាឱកាស សម្រាប់អ្នកមានសមត្ថភាពនៅក្នុងចំណោមមនុស្សល្ងង់ គឺជាឱកាសដ៏ល្អសម្រាប់អ្នកចេះដឹង ។ មិនថាអ្នកស្ថិតក្នុងស្ថានភាពបែបណាទេ បើអ្នកមិនបណ្ដោយទៅតាមស្ថានភាពនោះ គឺអ្នកអាចប្រើប្រាស់ស្ថានភាពមិនល្អ ដែលនៅជុំវិញខ្លួន ទៅជាឱកាសសម្រាប់ខ្លួនឯងបាន ។ សម្រាប់ព្រះធម៌វិញ នៅពេលដែលមនុស្សកំពុងតែមានភាពងងឹត វង្វេង គឺជាពេលដែលព្រះធម៌ មានតម្លៃមកបំភ្លឺជីវិត ប្រហែលមានតែមនុស្សដែលស្ថិតនៅក្នុងភាពងងឹតប៉ុណ្ណោះ ដែលនឹងរកឃើញពន្លឺ មានតែអ្នកដែលកំពុងរតែរងទុក្ខ ទើបស្វែងរកពន្លឺគឺផ្លូវរំលត់ទុក្ខតាមរយៈមាគ៌ានៃព្រះធម៌ ។ 

 អត្ថបទនេះគ្រាន់តែចង់លើកទឹកចិត្ត ដល់អ្នកដែលស្ថិតនៅក្នុងស្ថានភាពលំបាក ដើម្បីកែប្រែជីវិត ឱ្យល្អ។

Friday, August 21, 2020

សីលធម៌ សុជីវធម៌ និងគុណធម៌ សម័យថ្មី

 

            តើសង្គមមនុស្សកាន់តែទំនើប កាន់តែទាន់សម័យ ការន់តែរីកចម្រើន ចំពោះសីលធម៌ សុជីវធម៌ និងគុណធម៌នេះ កាន់តែធ្លាក់ចុះ ? ការពិតទៅ វាមិនមែនបែបនោះទេ វាគឺអាស្រ័យទៅដោយកត្តាអប់រំនៅក្នុងសង្គមនោះ ។ សម័យបច្ចុប្បន្ន សីលធម៌ សុជីវធម៌ និងគុណធម៌ បានក្លាយទៅជាសិល្បៈទៅវិញ ។ ពេលខ្លះវាក្លាយទៅជាបង្ខិតបង្ខំពីសង្គម ដោយពួកគេតែងតែដាក់កំហិត ឬបង្ខំឲ្យមនុស្សត្រូវតែមានវា ។ ការដាក់កំហិត ឬបង្ខំឲ្យត្រូវតែមាននេះ ធ្វើឲ្យមនុស្សជាតិ ប្រែក្លាយទៅជា សិល្បករគ្រប់ៗគ្នា គឺពួកគេបានសម្ដែងធ្វើជាអ្នកដែលមាននូវសីលធម៌ សុជីវធម៌ និងគុណ ធម៌នេះ ហើយពួកគេយកវាមកពាក់នៅខាងក្រៅ ហាក់ដូចជាគ្រឿងអលង្ការ សម្រាប់ លម្អរជីវិតរបស់ពួកគេទៅវិញ ដែលធាតុពិតពួកគេមិនយល់ ហើយក៏គ្មានវានៅក្នុង ចិត្តសូម្បីតែបន្ទិច ។ សង្គមទាំងមូលក្លាយទៅជាសង្គមនៃសិល្បករ គឺគ្មានការពិត ។ ពួកគេ ប្រឹងសម្អាតតែរូបខាងក្រៅ តែខាងក្នុងវិញ គឺដូចជាផ្លែល្វា ។  

            សីលធម៌ សុជីវធម៌ គុណធម៌ មិនមែនម្នាក់ៗថា មានត្រូវតែ មាននោះទេ តែបើធ្វើ ជាមានគឺវាពិតជាងាយស្រួល ។ សីលធម៌ សុជីវធម៌ គុណធម៌ វាកើតចេញពីវិជ្ជា គឺការ យល់ដឹងអ្វីៗប្រកបទៅដោយសម្មាទិដ្ឋិ គឺការយល់ដោយត្រឹមត្រូវ តាមធម៌ ដោយការ ទទួលនូវការសិក្សាអប់រំតាមផ្លូវធម៌ ឬពុទ្ធចក្រ (មិនមែនសាសនា) ។ នៅពេលដែល បុគ្គលម្នាក់មានបញ្ញាធម៌ ដល់ថ្នាក់ទី៣ គឺភាវនាមយបញ្ញា ទើបសីលធម៌ សុជីវធម៌ និង គុណធម៌វាកើតឡើងដោយខ្លួនឯង ដោយគ្មានការបង្ខំពីខាងក្រៅ ។ មានន័យថា មិនមែនឲ្យតែសិក្សារៀបសូត្រព្រះធម៌ហើយ ក៏សុទ្ធតែកើតមាននូវសីលធម សុជីវធម៌ គុណធម៌នោះទេ គឺទាល់តែបានស្តាប់ឬអានហើយ (សុតមយបញ្ញា)  គិតពិចារណា យល់ហើយ( ចិន្តាមយបញ្ញា) ហើយបដិបត្តិពិសោធន៍ថែមទៀត (ភាវនាមយបញ្ញា) ទើបមាន ។

 

 




ភាពជាមនុស្សមានឧបនិស្ស័យផ្សេងៗគ្នា

ភាពជាមនុស្សមានឧបនិស្ស័យផ្សេងៗគ្នា     មនុស្សម្នាក់មានភាពខុសគ្នា ច្រើនបែបច្រើនយ៉ាង ទាំងរូបរាងខាងក្រៅ ចិត្តគំនិត ចំណេះដឹង ចំណង់ចំណូលចិត្ត និងស...