ហេតុអ្វីអ្នកចង់បានការលើកទឹកចិត្ត? តើអ្នកខ្វះទឹកចិត្តមែនទេ? មនុស្សរាល់គ្នាត្រូវការការលើកទឹកចិត្តដើម្បីធ្វើអ្វីៗ ពិសេសគឺរឿងដែលសំខាន់ៗ ប៉ុន្តែអ្នកមិនបានគិតទេថា វាបង្ហាញពីភាពទន់ខ្សោយរបស់អ្នកទៅវិញ ។ មនុស្សទន់ខ្សោយត្រូវការ ការលើកទឹកចិត្ត តែមនុស្សខ្លាំង មនុស្សរឹងមាំ មិនបាច់ត្រូវការការលើកទឹកចិត្ត ដើម្បីធ្វើអ្វីមួយនោះទេ ។ មានទស្សនៈមួយខ្ញុំមិនចងចាំថាអ្នកណាអ្នកនិយាយទេ តែមានអត្ថន័យថា បើអ្នកត្រូវការការលើកទឹកចិត្តដើម្បីធ្វើរឿងមួយ នោះអ្នកកុំធ្វើវាអី ។ មានអត្ថន័យថា រឿងមួយចំនួន ដូចជារឿងដែលទើបតែចាប់ផ្ដើមថ្មី គឺតែងតែត្រូវបានរារាំង និងបំបាក់ទឹកចិត្តពីមនុស្សដែលមិនយល់ពីវា នៅជុំវិញខ្លួនឯង ។ រឿងដ៏អស្ចារ្យជាច្រើន ត្រូវបានបង្កើតឡើងដោយមនុស្សតែម្នាក់ ឬពីរនាក់ប៉ុណ្ណោះ គឺពួកគេជាមនុស្សដែលមិនព្រមស្ដាប់ពាក្យបំបាក់ទឹកចិត្តពីមនុស្សជុំវិញខ្លួន ហើយព្យាយាមតស៊ូជំនះ រហូតទទួលបានជោគជ័យ ដែលពីដំបូងឡើយ ពួកគេតែងតែត្រូវបានមនុស្សនៅជុំវិញចោតថាជាមនុស្សឆ្គួត ។ រឿងខ្លះវាគឺមិនអាចទៅរួច រហូតដល់វាត្រូវបានធ្វើរួច ! ត្រលប់មកនិយាយពីការលើកទឹកចិត្តវិញ អ្នកត្រូវតែមានកសាងចិត្តខ្លួនឱ្យរឹងមាំ រឹងមាំរហូតដល់មិនចាំបាច់ត្រូវការការលើកទឹកចិត្តពីនរណាម្នាក់ឡើយ នោះទើបជាមនុស្សខ្លាំងពិតប្រាកដ ។ ជាមួយនឹងទំនុកចិត្តដែលមានសម្រាប់នៅក្នុងខ្លួនឯង អ្នកគឺមិនចេះបាត់បង់វាទេ ហើយអ្នកអាចយកវាទៅធ្វើអ្វីៗបាន ប្រកបដោយថាមពល គឺជាថាមពលដែលនឹងអាចទំលុះទៅគោលដៅ នៃជីវិតរបស់អ្នកបាន។ កសាងដួងចិត្តឱ្យរឹងមាំ គឺប្រសើរជាងការមានរាងកាយរឹងមាំរាប់ពាន់ដង ។ ជាមួយនឹងមនុស្សពិការម្នាក់ ដែលមានដួងចិត្តរឹងមាំ គឺខ្លាំងក្លាជាងមនុស្សមានដៃជើងគ្រប់គ្រាន់ដែលខ្វះជំនឿចិត្តលើខ្លួនឯង។ មនុស្សដែលទទួលបានជោគជ័យគឺជាមនុស្សដែលមានដួងចិត្តដ៏រឹងមាំ មិនព្រមចុះចាញ់ ។ អ្នកបោះបង់មិនដែលជោគជ័យ អ្នកជោគជ័យគឺមិនដែលបោះបង់។
កម្លាំងចិត្តដែលរឹងមាំអាចគាស់រំលើងភ្នំឱ្យក្លាយជាផ្ទៃរាបបាន ។ ចូរដុះខាត់ចិត្តឱ្យមានភាពរឹងមាំ ដោយពុំចាំបាច់ត្រូវការការលើកទឹកចិត្តពីនរណាម្នាក់ឡើយ ។ ការជឿជាក់លើច្បាប់កម្មផល គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការកសាងចិត្តឱ្យរឹងមាំ ការមានជំនឿលើរបស់អរូបី ឬអបិយជំនឿ គឺជាការធ្វើឱ្យចិត្តទន់ខ្សោយ ដោយអ្នកត្រូវសុំ បន់ស្រន់ពីអ្វីមួយ ហើយរបស់ទាំងនោះគឺពិតជាមិនអាចឱ្យអ្វីមួយដល់អ្នកឡើយ គឺមានតែខ្លួនឯង ជាអ្នកកសាង ស្វែងរកអ្វីៗសម្រាប់ខ្លួនឯង ។ ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។

No comments:
Post a Comment