១/ ជីវិតបែបសកម្ម (active) ជីវិតដែលសកម្មគឺជាជីវិតដែលខិតខំប្រឹងប្រែងជំនះនៅមជ្ឈដ្ឋានខាងក្រៅ មិនបណ្ដែតបណ្ដោយខ្លួនតាមកម្លាំងខ្យល់ ។ ខ្យល់នោះសំដៅលើរាល់អ្វីដែលមានឥទ្ធិពលមកលើចិត្តគំនិតនិងសកម្មភាពរបស់អ្នក ដូចជាកត្តាសង្គម វប្បធម៌ ការជួបប្រទះក្នុងជីវិតប្រចាំថ្ងៃ មនុស្សដែលអ្នកទាក់ទង សម្ដីដែលអ្នកស្ដាប់ សំឡេងដែលអ្នកលឺ រូបភាពដែលអ្នកឃើញ រស់ជាតិដែលអ្នកភ្លក់ ... ទាំងអស់នេះមានឥទ្ធិពលមកលើជីវិតជាពន់ពេក ។ ហេតុអ្វី ? ឧទាហរណ៍ថា នៅពេលអ្នកនៅសុខៗស្រាប់តែអ្នកលឺចម្រៀងដ៏កំសត់មួយបទ ភ្លាមៗនោះចិត្តរបស់អ្នកក៏ប្រែជាអន្លង់អន្លោចកំសត់នឹកឃើញរឿងកំសត់ ហើយអ្វីៗក៏ចាប់ផ្តើមប្រែប្រួលពីភាពស្រស់បំព្រងទៅជា ពណ៌សខ្មៅ។ មនុស្សខ្លះដូចជាខ្យល់ព្យុះ គ្រាន់តែគេបង្ហាញខ្លួនភ្លាមអ្វីៗក៏ប្រែជាគ្រោះមហន្តរាយ ស្ទឹងបឹងទន្លេប្រែជារីងហួតអស់ ។ មនុស្សខ្លះក្នុងមាត់សុទ្ធតែលាមក និយាយចេញមកធ្វើឱ្យពិភពលោកប្រែជាស្អុយរលួយ ។ មនុស្សខ្លះដូចជាសូរ្យគ្រាស ពេលគេមកដល់ពិភពលោកប្រែជាងងឹតឆឹង។ រឿងភាគជាច្រើនដែលផ្វព្វផ្សាយពិសេសដូចជារឿងថៃ រឿងខ្មែរ... ច្រើនតែបង្កប់ទៅដោយរូមភាព ពាក្យសម្ដី និងទង្វើមិនល្អ ដែលអាចប៉ះពាក់ដល់សតិអារម្មណ៍របស់អ្នក ពិសេសគឺក្មេងតូចៗរបស់អ្នក! ... នៅពេលដែលអ្នកបរិភោគអាហារមានម្ទេសច្រើន បបូមាត់របស់អ្នកក៏ចាប់ផ្តើមក្ដៅ រាងកាយរបស់អ្នកក៏អន្ទះអន្ទែងឡើង សម្ដីសំដៅរបស់អ្នកក៏ខុសធម្មតា ។ នៅពេលព្រឹកអារម្មណ៍របស់អ្នកស្រស់ថ្លា ពេលថ្ងៃបន្តិច រាងកាយរបស់អ្នកក៏ចុះខ្សោយចិត្តរបស់អ្នកក៏ចុះខ្សោយទៅតាមរាងកាយ ឥទ្ធិពលខាងក្រៅនឹងឆាប់ជ្រាបចូលទៅក្នុងចិត្តរបស់អ្នក ។ នៅពេលយប់អារម្មណ៍របស់អ្នកជាអារម្មណ៍បែបស្រទន់ មានមនោសញ្ចេតនាខ្ពស់ ពេលនោះអ្នកក៏តែងតែទទួលយកនូវកត្តាសញ្ចេតនាខ្ពស់ពីប្រភពខាងក្រៅ ។ និយាយរួមគ្រប់យ៉ាងនៅជុំវិញខ្លួនគឺជាអ្នកដឹកនាំជីវិតអ្នក នោះបើអ្នកមិនបានចាប់អារម្មណ៍ មិនបានដឹង ហើយមិនចេះវិធីក្នុងការតបតទៅនឹងពិភពខាងក្រៅវិញទេ ។ ចំណុចនេះវាពិបាក ព្រោះសតិរបស់អ្នកបើមិនខ្លាំងទេ វាក៏តែងតែទោទន់ទៅតាមខ្យល់ហ្នឹងហើយ ដូច្នេះទើបទាមទារឱ្យមានការហ្វឹកហាត់សមាធិ វិបស្សនា ។ សតិ គឺប្រៀបដូចជាប្រសិនបើអ្នកមានមនុស្សម្នាក់នៅតាមចាំប្រាប់អ្នកថា អ!ពេលនេះអូនកំពុងតែមើលរឿងមិនល្អហើយ ដូច្នេះអ្នកក៏នឹងទៅបិទរឿងនោះចោល ចុះតើទៅរកមនុស្សដែលចាំតែប្រាប់អ្នកនោះបានមកណា? វាស្ថិតនៅលើអ្នកផ្ទាល់! ប្រសិនបើអ្នកអាចគ្រប់គ្រងអ្វីៗដែលនៅជុំវិញខ្លួនឯងបាន ហើយនោះក៏ជាការគ្រប់គ្រង់ជីវិតពិតដែរ ជាជីវិតបែបសកម្ម គឺធ្វើអ្វីៗដើម្បីបានផល មិនមែនរង់ចាំទទួលរងអំពើពីគេគ្រប់បែបយ៉ាងនោះទេ ។ ក្នុងទ្រឹស្ដីព្រះពុទ្ធសាសនា មួយបង្ហាញថា គ្មានកម្លាំងអ្វីឱ្យខ្លាំងជាងកម្លាំងនៃកម្មនោះទេ បានន័យថាអ្វីដែលអ្នកធ្វើទៅវាប្រាកដជាមានផល ហើយកុំច្រឡំថាទាល់តែមានសកម្មភាពទើបថាជាកម្មឬអំពើនោះ គ្រាន់តែចិត្តអ្នកគិតបែបណា ផលក៏នឹងមានហើយ ពីព្រោះចិត្តគឺមានអំណាចណាស់ វិទ្យាសាស្ត្របកស្រាយថា វាមានរលកហ្វ្រេកង់ផ្សាយចេញទៅ ដូចជាវិទ្យុ... ។
២/ ជីវិតបែបអសកម្ម (passive) ដរាបណាអ្នកនៅតែទទួលយករាល់អ្វីៗដែលនៅជុំវិញខ្លួនអ្នក ដោយអ្នកមិនព្យាយាមកែលំអរវា មិនរត់គេច មិនផ្លាស់ប្ដូរ នោះអ្នកនឹងរសាត់អណ្តែតតាមខ្យល់តែមួយមុខប៉ុណ្ណោះ ។ ដូច្នេះចូរផ្លាស់ប្ដូរមនុស្សដែលអ្នកទាក់ទង ផ្លាស់ប្ដូររូបភាពដែលអ្នកមើល ផ្លាស់ប្ដូររបស់ដែលអ្នកប្រើ ផ្លាស់ចម្រៀងដែលអ្នកស្ដាប់ ផ្លាស់ប្តូរមកនៅអ្វីដែលល្អ ហើយត្រូវត្រូវហ្វឹកហាត់ចិត្តឱ្យមានកម្លាំងខ្លាំងអាចតបតទៅមជ្ឈដ្ឋានខាងក្រៅវិញ ដោយអំណាចនៃកុសលកម្ម គឺជាអំពើល្អ ការព្យាយាមល្អ ដើម្បីទទួលបានលទ្ធផលល្អ... !

No comments:
Post a Comment