សុបិនជាភាពរវើរវាយនៃខួរក្បាលដែលបង្កើតជារូបភាពអ្វីម្យ៉ាងដែលយើងមិនបាន តាំងចិត្តបង្កើត។ ធាតុពិត ពាក្យថា សុបិន មានន័យថា ដេកលក់។ ប៉ុន្តែមនុស្សច្រើនតែសំដៅដល់ សេចក្ដីប៉ងប្រាថ្នារបស់ពួកគេ ឬការស្រមើស្រមៃ ឬជាផែនការច្បាស់លាស់ក៏មាន។ អ្នកខ្លះនិយាយថា មនុស្សល្ងង់សុបិនតែនៅពេលដេកលក់ រីឯអ្នកមានគតិបណ្ឌិតសុបិននៅពេលភ្នាក់ដឹកខ្លួន ឬសុបិននៅពេលថ្ងៃ។ សុបិននៅពេលថ្ងៃគឺជា គឺបំណងប្រាថ្នាបែបប្រាកដប្រជា ដែលមានផែនការ និងការអនុវត្តដើម្បីឱ្យក្លាយជាការពិត។ ទស្សនៈមួយបានលើកឡើងថា បើអ្នកគ្មានក្ដីសុបិនទេ តើនឹងមានក្ដីសុបិនក្លាយជាការពិតឯណាបាន? បើទោះបីជា សុបិន ដែលគ្មានផែនការជាក់លាក់ គ្មានការអនុវត្ត ក៏សុបិនខ្លះអាចក្លាយជាការពិតបាន ដោយអំណាចនៃការរំពឹងទុកក្នុងចិត្ត ឬហៅថា អំណាចនៃចិត្ត (power of mind) វាប្រៀបដូចជាការជឿទៅលើអ្វីមួយដោយងុបងុល ។ ជាបទពិសោធន៍ ខ្ញុំមានអារម្មណ៍ថា ខ្ញុំតែងតែជួបប្រទះនូវអ្វីដែលខ្ញុំព្យាយាមស្វែងរក ដោយគ្រាន់តែគិត ហាក់បីដូចជាមានវេទមន្តអ្វីមួយបង្កើត ឬនាំមកឱ្យខ្ញុំ ។និយាយពីមនុស្សដែលច្រើនតែសុបិននៅពេលដេកលក់វិញ តាមលក្ខណៈវិទ្យាសាស្ត្រ គឺជាមនុស្សដែលគិតច្រើន និងមួយទៀតគឺជាមនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ ឬសុខភាពមានបបញ្ហា។
ទស្សនៈមួយលើកឡើងថា ជាមួយនឹងការស្រមើស្រមៃ អ្នកអាចទៅដល់គ្រប់ទីកន្លែង ។ មនុស្សខ្លះរស់នៅក្នុងក្ដីស្រមៃ បើទោះបីជាវាមិនមែនជាការពិតកដោយ ក៏ពួកគេនៅតែមានអារម្មណ៍ថា សប្បាយជាមួយនឹងក្ដីស្រមៃបែបសុទិដ្ឋិនិយម ពួកគេមានអារម្មណ៍ថា ពួកគេនៅកន្លែងដែលគេចង់ទៅ ដោយរូបភាពប្រឌិតឡើង។ អាល់បឺតអាញស្តាញ និយាយថា ការស្រមើស្រមៃមានអំណាចជាងបញ្ញាញាណ នោះមានន័យថា ចំណេះដឹងឬបញ្ញា គឺមានកំណត់ ប៉ុន្តែការស្រមើស្រមៃគឺឥតព្រំដែន និងមានឥទ្ធិពល។ ជាក់ស្ដែង អ្វីដែលគេបានបង្កើតឡើង ដ៏អស្ចារ្យជាច្រើនគឺសុទ្ធតែផ្ដើមចេញពីការស្រមើស្រមៃភ្ជាប់ជាមួយនឹងទស្សនៈមួយដែលលើកឡើងថា អ្វីដែលអាចស្រមើស្រមៃបានគឺសុទ្ធតែជាការពិត។
បើក្ដីសុបិនរបស់អ្នកមិនធ្វើឱ្យអ្នកដទៃសើចទេ បញ្ជាក់ថាវានៅតូចពេក ត្រូវសុបិនឱ្យធំជាងហ្នឹង។ បើអ្នកមិនខំធ្វើការដើម្បីសម្រេចក្ដីសុបិនរបស់ខ្លួនឯងទេ អ្នកដទៃនឹងជួលអ្នកឱ្យសម្រេចក្ដីសុបិនរបស់គេ ។

No comments:
Post a Comment