គេខ្លាំងឬយើងខ្សោយ?
នៅរាល់ពេលមានបញ្ហាណាមួយកើតឡើង យើងតែងតែបន្ទោសទៅលើសត្រូវរបស់យើងថាគេបែបនេះឬបែបនោះ តែយើងមិនវាយតម្លៃលើសមត្ថភាពរបស់ខ្លួនឯងទេ ថាតើសត្រូវខ្លាំង ឬមកពីយើងនេះវាខ្សោយពេក ដែលសូម្បីតែមនុស្សឆ្គួតម្នាក់ក៏អាចបង្កព្យុះភ្លៀងក្នុងសង្គមយើងបាន ។ បញ្ហាមួយចំនួនដែលតែងតែកើត និងកំពុងតែកើតមានឡើង វាគ្រាន់តែជារឿងតូចតាច បង្កដោយមនុស្សឆ្កួត មនុស្សសំរាម តែបែរជាធ្វើឱ្យភ្ញាក់ផ្អើលពេញស្រុកទេស នោះមកពីអ្វី? គឺមកពីយើងខ្សោយពេក មកពីយុវជនខ្មែរយើង ភាគច្រើនជាក្លាយទៅជាមនុស្សដែលពេញចិត្តទៅលើរឿងទាំងនោះ គឺរឿងដែលមិននាំឱ្យរីកចម្រើន តែមិនដឹងថាត្រូវគេពង្វក់ ឬក៏ខ្លួនឯងពង្វក់ខ្លួនឯង ឬមកពីកត្តាអប់រំ ឬមកពីកត្តាគ្រួសារ ឬកត្តាសត្រូវនៅជិតខាង ...បើសម្រាប់ខ្ញុំ ខ្ញុំដឹងចម្លើយរួចហើយ ថាមកពីអ្វី ក៏ប៉ុន្តែមិនអាចនឹងសរសេរបញ្ជាក់បានទេ ។ ប្រសិនបើបញ្ហាដែលបង្កឡើងដោយមនុស្សខ្លាំងពូកែ នោះសន្មត់ថា មកពីសត្រូវខ្លាំង តែបញ្ហាដែលបង្កឡើងដោយមនុស្សឆ្កួត បញ្ជាក់ថា យើងអន់ជាងមនុស្សឆ្គួតទៅទៀត ។ ប្រសិនបើយុវជនយើងជាមនុស្សរឹងមាំ មានការចេះដឹង ហើយចូលរួមសហការគ្នា គឺជាសរសេរទ្រូវដ៏រឹងមាំនៃប្រទេសជាតិ ពិតជាគ្មានអ្វីអាចបំបែកបានឡើយ ។
កត្តាអប់រំគឺជារឿងសំខាន់ជាង ក្នុងការកសាងយុវជនឱ្យមានភាពរឹងមាំ ខ្លាំងក្លាបាន ។ មានតែយើងខ្លាំងទេ ទើបអាចរក្សាការពារ និងអភិវឌ្ឍប្រទេសជាតិយើងបាន។







