Sunday, August 23, 2020

បើកចិត្ត Open mind

 

បើកចិត្តឱ្យទូលាយ  

ទម្លាក់ចោលនូវសេចក្ដីប្រកាន់ ចំពោះមនុស្សម្នាក់ៗ នូវអ្វីដែលជាចំណុចដែលយើងមិនចូលចិត្ត តែត្រូវដឹងថា អ្វីគ្រប់យ៉ាងគឺមានផ្នែកខាងល្អ និងផ្នែកខាងមិនល្អនៅជាមួយគ្នា ។ មនុស្សម្នាក់ៗសុទ្ធតែមានគុណសម្បត្តិដោយឡែកៗ ក៏មានចំណុចអាក្រក់ដោយឡែកៗពីគ្នា ។ អ្នកគួរតែលះបង់នូវការប្រកាន់ខ្លះ បើកចិត្តឱ្យធំទូលាយ ដើម្បីទទួលយកនូវចំណុចល្អណាមួយ មកប្រើឱ្យបានជាប្រយោជន៍ ។ ចិត្តដ៏ធំទូលាយ អាចប្រមូលយកនូវចំណេះដឹង បទពិសោធន៍ និងអ្វីដែលល្អៗ សម្រាប់កសាងជីវិតផ្ទាល់ខ្លួនបានយ៉ាងល្អប្រសើរ ។ សមុទ្រធំទូលាយ ទទួលយកនូវទឹកពីគ្រប់ទិសទី តែសមុទ្រនៅតែស្រស់ស្អាត សមុទ្រទទួលយកគ្រប់អ្វីៗដែលហូរមកតាមទឹក តែសមុទ្របានបក់បោកនូវអ្វីដែលមិនល្អចេញ ។ ការបើកចិត្តឱ្យធំទូលាយក៏ដូចគ្នា អ្នកត្រូវចេះទទួលយកនូវអ្វីដែលល្អ ហើយបោះបង់អ្វីដែលមិនល្អចោល តែបើគិតពីការប្រើប្រាស់ លើលោកនេះដូចជាគ្មានអ្វីដែលគ្មានប្រយោជន៍ឡើយ សំខាន់ឱ្យតែយើងចេះប្រើវា សូម្បីតែលាមកជាអ្វីដែលអ្នកខ្ពើមជាងគេ ក៏ជាជីដ៏ល្អ អាចយកទៅដាំដុះដំណាំ បានផ្លែផ្កាល្អយកទៅឱ្យអ្នកហូបវិញបាន។ ខ្ញុំតែងតែព្យាយាមសិក្សារៀនសូត្រពីមនុស្សជុំវិញ ទាំងអ្នកដែលខ្ញុំចូលចិត្ត និងមិនចូលចិត្ត តែបើនិយាយថាបើកចិត្តឱ្យទូលាយ គួរតែពុំសូវមានអ្នកដែលត្រូវកាន់ ឬស្អប់ដែរ វាជាការអធ្យាស្រ័យ និងការអភ័យ ។ អភ័យក៏ជាផ្នែកមួយនៃទាន គឺអភ័យទាន ការឱ្យទាននូវសេចក្ដីអភ័យដល់មនុស្សជុំវិញ ក៏ទទួលបានមកវិញនូវអភ័យ សម្រាប់ជីវិត ។ បើកចិត្តឱ្យទូលាយ មិនមែនឆាប់ជឿ ក៏មិនមែនឆាប់ទទួលយក គឺត្រូវទទួលដោយការពិចារណា ។ បើកចិត្តឱ្យទូលាយ ក៏ប្រៀបដូចជាបើក ទ្វាទទួលយកនូវរបស់មានតម្លៃជាច្រើនមកដែរ ។

 និយាយងាយ សរសេរក៏ងាយ តែធ្វើពិបាកមែនទេ? មិនមែនទេ បើអ្នកនិយាយថា ចិត្តរបស់អ្នក នោះអ្នកគួរតែអាចគ្រប់គ្រង់វាបានដែរ ព្រោះវាជារបស់អ្នក!


No comments:

Post a Comment

ភាពជាមនុស្សមានឧបនិស្ស័យផ្សេងៗគ្នា

ភាពជាមនុស្សមានឧបនិស្ស័យផ្សេងៗគ្នា     មនុស្សម្នាក់មានភាពខុសគ្នា ច្រើនបែបច្រើនយ៉ាង ទាំងរូបរាងខាងក្រៅ ចិត្តគំនិត ចំណេះដឹង ចំណង់ចំណូលចិត្ត និងស...